រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ…
