នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
នៅក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។
ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអាណត្តិការងាររបស់ឯកឧត្តម នៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន។
ព្រមជាមួយគ្នានោះ, ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម។ ឯកឧត្តមក៏បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឆែក។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឆែកមានទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ រហូតមកដល់ពេលបច្ចុប្បន្ន។
សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសាធារណរដ្ឋឆេកូស្លូវ៉ាគី និងសាធារណរដ្ឋឆែកនាពេលបច្ចុប្បន្ន។
ការណ៍នេះបានរួមចំណែកជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យកាន់តែរឹងមាំ បន្ថែមទៀត៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia