ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណី ស្រីៗចាញ់បោក ប្រុសស្អាតក្លែងក្លាយ ក្នុងFacebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន!
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង ក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់ និងពេលខ្លះសុំជួបក្រុមគ្រួសារដោយសន្យាចូលស្តីដណ្តឹងតាមច្បាប់ និងពេលខ្លះបានកំណត់ថ្ងៃភ្ជាប់ពាក្យផងដែរ បន្ទាប់ពីនារីរងគ្រោះជឿងលង់ស៊ប់ហើយ ជនសង្ស័យក៏ចាប់ផ្តើមបោកបញ្ឆោតល្បួងឲ្យថតរូបអាក្រាត បង្ហាញដល់ជនសង្ស័យ ដោយសម្អាងថាគង់នឹងក្លាយជាប្តីប្រពន្ធជាមួយគ្នាឆាប់ៗ ធ្វើឲ្យជនរងគ្រោះភ្លេចគិត ត្បិតយល់ថា ស្និទ្ធិស្នាលខ្លាំង ផ្អែមល្ហែមខ្លាំង ធ្វើឲ្យស្រលាញ់ខ្លាំង ក៏ព្រមបើកបង្ហាញ។ ក្រោយមានរូបអាក្រាតជនរងគ្រោះ ជនសង្ស័យក៏ចាប់ផ្តើម ប្រើល្បិចសុំខ្ចីលុយ ដោយប្រាប់ថាខ្លួន មានបញ្ហាក្នុងមុខរបរ ឬមានបញ្ហាគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាខុសច្បាប់ផ្សេងៗ រហូតជនរងគ្រោះអស់លុយឲ្យខ្ចី ឬដឹងខ្លួនមិនព្រមឲ្យលុយជនសង្ស័យខ្ចី ទើបជនសង្ស័យយករូបអាក្រាតមកគំរាមទារប្រាក់តែម្តង។ ស្តាប់ទៅ ហាក់ដូចថា ជនរងគ្រោះឆោតល្ងង់…
