វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …” ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី…