
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះព្រទាំងរដ្ឋបាលខេត្តក្រចេះ និងក្រុមការងារបាននាំយកទៀនចំណាំព្រះវស្សានិងទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣ វត្ត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តមុនីសាគរ (វត្តដងកោង) ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ…
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់មានជំនឿនិងគោរពប្រតិបត្តិ ហើយព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។ មិនតែប៉ុណ្ណោះ វត្តអារាមជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹង។ ដោយគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មែរក្រហម, ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានថ្លែងថា រដ្ឋាភិបាលបានធ្វើឱ្យសាសនាទាំងអស់រស់ឡើងវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តកសាងអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្រោមដំបូលនៃសុខសន្តិភាព ហើយរហូតមកដល់ពេលនេះមានវត្តចំនួន ៥១៤៥ វត្ត និងមានព្រះសង្ឃ ៧៥៥៥៦ អង្គក្នុងនោះខេត្តក្រចេះមានវត្តចំនួន ១៩២ វត្ត និងមានព្រះសង្ឃចំនួន ១៦០៥ អង្គ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រគេនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខាងលើនេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តក្រចេះទាំងមូល។ ឯកឧត្តមបានថ្លែងថានៅពេលបុណ្យចូលវស្សាជារៀងរាល់ឆ្នាំ, ពុទ្ធបរិស័ទព្រមទាំងសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជានៅរៀងរាល់ពិធីបុណ្យចូលព្រះវស្សា មិនដែលអាក់ខានឡើយ។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន…