ពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនប្រធានាធិបតីហ្វីលីពីន..

នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
វត្តមានរបស់ ឯកឧត្តមប្រធានាធិបតីហ្វីលីពីននាពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន។
ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។
ក្នុងពិធីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង​ ក្នុងការរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះឯកឧត្តមប្រធា​នា​​ធិបតី និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្ដេចបានអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនដែលសម្រេចបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
កម្ពុជាវាយតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅជាមួយហ្វីលីពីន។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
យើងពេញចិត្តចំពោះការរីកចម្រើននៃភាពជាដៃគូដ៏រឹងមាំ ដែលបានកសាងឡើងផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្ដេចបានបន្តថា ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅហ្វីលីពីនកាលពីខែកុម្ភៈកន្លងទៅនេះ និងជំនួបរបស់សម្តេចធិបតីជាមួយឯកឧត្តមប្រធានាធិបតីផ្ទាល់នាពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនាពេលនេះ ជាសក្ខីភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរ។
ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ គឺជាសសរស្តម្ភដ៏សំខាន់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរឹងមាំយូរអង្វែង និងមានភាពធន់ ហើយធ្វើឱ្យយើងយល់គ្នាកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។ នេះជាកំលាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការឱ្យរីកចម្រើនលើគ្រប់វិស័យ។
សម្ដេចតេជោពិតជាមាន សេចក្តីរីករាយ ដែលបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ជាមួយ ឯកឧត្តម លើកិច្ចការដែលជាការយកចិត្តទុកដាក់រួមដូចជា ការបំពេញបន្ថែមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានា​ ការផ្លាស់ប្តូរគ្រប់កម្រិត និងគ្រប់វិស័យក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដល់កម្រិតថ្មីមួយទៀត។
កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន និងមានប្រជាជន ជាស្នូល។
ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ។
ឯកឧត្តមប្រធានាធិបតី Marcos Jr. ក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
ឯកឧត្តមបន្តថា ជំនួបដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងគណៈប្រតិភូយើងទាំងពីរ គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើការជាមួយដៃគូដែលមានទស្សនវិស័យដូចគ្នា ដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។
ឯកឧត្តម ជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។
នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានដឹកនាំដោយបំណងប្រាថ្នារួមរបស់យើង៖ ពោលគឺ ការការពារតំបន់របស់យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន។
គោលការណ៍ណែនាំទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅនៃចំណងការទូតរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពរបស់ប្រជាជនយើង និងចំពោះសន្តិសុខនិងវិបុលភាពនៃតំបន់របស់យើង។
ពិធីលៀងសាយភោជន៍នេះ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ នេះបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលនឹងបន្តរីកចម្រើននាពេលអនាគត៕