អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។

បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច(វ៉ែប)ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន ២០៩ ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៥ក្បាល ទឹកVape (វេប) ចំនួន ២ដប , YOOZ ចំនួន០២ប្រអប់, ខ្សែពាក់កមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងទាំង០២កន្លែង នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯនិងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ០១នាក់ ត្រូវបានអប់រំណែនាំ និងធ្វេីកិច្ចសន្យា រួចអោយឪពុកម្តាយមកធានាអោយត្រឡប់ទៅផ្ទះវិញ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕